You are here
Home > ព្រឹត្តិការណ៍សង្គ​ម > ក្រសួងទេសចរណ៍៖ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ ១ម៉ឺននាក់នៅពេលខាងមុខ

ក្រសួងទេសចរណ៍៖ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ ១ម៉ឺននាក់នៅពេលខាងមុខ

ភ្នំពេញ)៖ ដោយសារកំណើនទេសចរជាតិ-អន្តរជាតិ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ ពង្រីកការបណ្ដុះបណ្ដាលដល់មគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម ដើម្បីឆ្លើយតបនឹងកំណើនទេសចរដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ ខណៈបច្ចុប្បន្ននេះ មគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥ពាន់នាក់ កំពុងបម្រើការងារនៅទៅទាំងប្រទេស។

ជាក់ស្ដែង នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រៀបចំប្រឡងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី១៨ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ១៤៨នាក់ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលជាសាកលវិទ្យាល័យទទួលបានការឯកភាព ឲ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន ៩ភាសា រួមមាន៖ ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ភាសាជប៉ុន ភាសាវៀតណាម ភាសាអេស្ប៉ាញ ភាសាថៃ ភាសារុស្ស៊ី និងភាសាបារាំង។

សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេស ក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំងពីរ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។ បន្ទាប់ពីសិក្សាប្រកបដោយជោគជ័យ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

ការប្រឡងវិញ្ញាសាសរសេរខាងលើ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។

ការប្រឡងជ្រើសរើសរខាងលើ សំដៅបង្កើតការងារ និងជំនាញដល់យុវជន ព្រមទាំងឆ្លើយតបតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែមទៀត ដើម្បីបម្រើសេវាដល់ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន និងអនាគត។

សូមរំឭកថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥,០០០នាក់ ហើយដើម្បីឆ្លើយតបនឹងកំណើនទេសចរជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ ១ម៉ឺននាក់។ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១.២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ១.៧លាននាក់៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Top