You are here
Home > ព្រឹត្តិការណ៍សង្គ​ម > គួរឲ្យសោកស្តាយបំផុត! សត្វទន្សោងគោព្រៃមួយក្បាល ទម្ងន់ជាង១២០គីឡូក្រាម នៅក្នុងខេត្ដកំពង់ស្ពឺ ត្រូវបានព្រានព្រៃបាញ់សម្លាប់ ដើម្បីភ្លះសាច់ដឹកយកទៅលក់, ជនដៃដល់ត្រូវចាប់ខ្លួន

គួរឲ្យសោកស្តាយបំផុត! សត្វទន្សោងគោព្រៃមួយក្បាល ទម្ងន់ជាង១២០គីឡូក្រាម នៅក្នុងខេត្ដកំពង់ស្ពឺ ត្រូវបានព្រានព្រៃបាញ់សម្លាប់ ដើម្បីភ្លះសាច់ដឹកយកទៅលក់, ជនដៃដល់ត្រូវចាប់ខ្លួន

(កំពង់ស្ពឺ)៖ សត្វទន្សោងគោព្រៃមួយក្បាលទម្ងន់ជាង១២០គីឡូក្រាម ដែលជាប្រភេទសត្វដ៏កម្រមួយ ត្រូវបានព្រានព្រៃបាញ់សម្លាប់ ដើម្បីភ្លះសាច់ដឹកយកទៅលក់ តែត្រូវកម្លាំងការពារសត្វព្រៃ និងកម្លាំងអាវុធហត្ថ តាមដានចាប់បាននៅកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ រថយន្ត១គ្រឿង រួមទាំងសាច់សត្វនេះ នៅសល់តែជើងមុខ និងក្រោយប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវ កុំឲ្យពលរដ្ឋសម្លាប់សត្វដ៏កម្រ ជាពិសេសសត្វ ដែលរស់នៅ ក្នុងដែនអភិរក្ស ជាក់ស្តែង ដូចជាករណីសម្លាប់សត្វទន្សោងគោព្រៃមួយក្បាល មានទម្ងន់រហូត១២០គីឡូក្រាម ជាបទល្មើស និងត្រូវទទួលទោសតាមច្បាប់ជាកំហិត។

កម្លាំងបានប្រទះឃើញ ករណីសម្លាប់សត្វទន្សោងគោព្រៃ នៅវេលាម៉ោង២១៖៤០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់ ជាសត្វទន្សោងឈ្មោលមួយក្បាល ក្នុងព្រៃសហគមន៍ខាងលើ។

មន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពង បានឲ្យដឹងថា បង្កដោយជនមួយក្រុម រថយន្ត២គ្រឿង អាវុធ០២ដើម កែវឆ្លុះ០៤កែវ ត្រូវបានដកហូតពីក្រុមជនសង្ស័យ។

ជនដែលបានបាញ់សម្លាប់សត្វព្រៃ មានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្ត បានមួយគ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០kg ជើងមុខ០២ ភ្លៅក្រោយ០១។

ជនបង្ក និងវត្ថុតាង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជូនទៅ មន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ពេលនេះកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគបាលស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់៕

ប្រភព៖FN

Leave a Reply

Top